ផលវិបាកនៃការមានផ្ទៃពោះនៅ​វ័យ​ក្មេង​

ការមានផ្ទៃពោះនៅមុនអាយុ ១៧ឆ្នាំ ត្រូវបានគេចាត់ទុកថាជា​ការមានផ្ទៃពោះនៅវ័យក្មេង។ ការមានផ្ទៃពោះនៅវ័យក្មេង​ អាចបណ្តាលឱ្យស្ត្រីជាម្តាយមានបញ្ហាសុខភាព ប៉ះពាល់ដល់ការសិក្សា ព្រោះជា​វ័យកំពុងសិក្សា ហើយក៏ប៉ះពាល់ចំពោះការចិញ្ចឹមបីបាច់ថែរក្សា និងការលូតលាស់របស់ទារកផងដែរ។ ការមានផ្ទៃពោះនៅវ័យក្មេង ​ជារឿយៗកើតឡើងចំពោះស្ត្រីវ័យក្មេង ដែលមិនបានទទួលព័ត៌មានត្រឹមត្រូវក្នុងការមានផ្ទៃពោះ និងមិនបានប្រើប្រាស់មធ្យោបាយពន្យារកំណើតឱ្យបានត្រឹមត្រូវ។

teenpregnanc

ស្ត្រី​​ដែល​មាន​ផ្ទៃ​ពោះ​នៅ​វ័យ​ក្មេង អាច​ជួប​នឹង​ផលវិបាកនៅពេលសម្រាលដូចជា៖

  • អាចអូសពេលវេលានៅពេលសម្រាល ព្រោះឆ្អឹងត្រគាក និងប្រដាប់ភេទតូចចង្អៀត (ឆ្អឹងនេះមិនទាន់លូតលាស់ពេញលេញ ដែលជាបញ្ហាប្រឈមនៅពេលកើត)។
  • ជួនកាល ស្បូនអាចរហែក ហើយម្តាយនឹងអាចស្លាប់ដោយសារការបាត់បង់ឈាមច្រើន​ពេក។
  • ក្បាលរបស់ទារកអាចធ្វើឱ្យប្រដាប់ភេទរហែក (ការរហែកនេះអាចបណ្តាលឱ្យធ្លាក់ឈាមខ្លាំង និងមានផលវិបាកដល់រន្ធទឹកនោម រន្ធគូទ ឬស្បូនរហែកទៅថ្ងៃក្រោយ)។
  • ជួប​នឹ​ង​វិធីវះកាត់ ដែល​អាច​ធ្វើ​ឱ្យ​ម្តាយ និងកូន​ប្រឈម​នឹងមានគ្រោះថ្នាក់ដល់ជីវិត បើ​ធ្វើ​ការ​វះ​កាត់​ពុំ​បាន​ត្រឹម​ត្រូវ​ និង​យឺត​ពេល។

ចំ​ណែក​ឯ​ទារក​ ក៏​ប្រឈម​មុខ​នឹង​ផលវិបាកផ្សេងៗ​ដូចជា៖

  • ទារកលូតលាស់មិនពេញលេញ អាចកើតមុនពេលកំណត់ ឬកើតមិនគ្រប់ទម្ងន់ អាចស្លាប់នៅពេលសម្រាលមិនរួច។ ពេល​ខ្លះ​ទារក​ អាច​នឹង​មាន​សតិ​បញ្ញា​ និង​កាយ​សម្បទា​មិន​គ្រប់​គ្រាន់ផង​ដែរ។​

យុវតី​ត្រូវតែធ្វើការស្វែងយល់ថា វ័យដែលអាចមានផ្ទៃពោះបានគឺចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ និងត្រូវមានទំនួលខុសត្រូវជាក់លាក់ទាំងមុន និងក្រោយរៀបការ ហើយនិងការមានកូន។ យុវតី​ត្រូវជៀសវាងការមានផ្ទៃពោះនៅវ័យក្មេងពេក ព្រោះអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ក្មេងស្រីជាម្តាយ និងកូនក្នុងផ្ទៃ ហើយយុវតី​គ្រប់រូបត្រូវមានផែនការច្បាស់លាស់ពីការមានផ្ទៃពោះ៕

ប្រសិនបើអ្នកមានបញ្ហាផ្សេងៗ ទាក់ទងទៅនឹងប្រដាប់បន្តពូជ ឬសុខភាព អ្នកគួរតែប្រញាប់ទៅរកសេវាសុខភាពឬ គ្លីនិកដែលនៅជិតអ្នកបំផុត។ អ្នកក៏អាចផ្ញើសារទៅ កាន់លេខ ១២៩៣ ដើម្បីសួរសំណួរផ្សេងៗដែលទាក់ទងនឹងបញ្ហារបស់អ្នកផងដែរ។

Posted in ព័ត៌​មាន

អត្ថបទថ្មីបំផុត

Facebook