សេចក្តី​សង្ខេប​

គម្រោង​យុវវ័យ​ឆ្លាត អនាគត​ល្អ​ បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ក្នុង​ខែមីនា ឆ្នាំ​២០១៤។ គោល​ដៅ​នៃ​គម្រោង​នេះ​ គឺ​ប្រើ​ប្រាស់​ឧ​បករណ៍ប្រព័ន្ធ​បច្ចេក​វិទ្យា​សារ​គមនាគមន៍ និង​ព័ត៌​មាន ដើម្បី​កាត់​បន្ថយ​អំពើ​ហឹង្សា​យេន​ឌឺ និង​បង្កើន​លទ្ធផល​សុខ​ភាព​បន្ត​ពូជ​ និង​ផ្លូវ​ភេទ​ ទៅ​ដល់​ប្រជា​ជន​កម្ពុជា​វ័យ​ក្មេង​។​ គម្រោង​នេះ​បាន​ចាប់​ផ្តើម​ឡើង​ក្រោយពី​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ដែល​ធ្វើ​ឡើង​ដោយ​អង្គ​ការ OneWorld UK ក្នុង​ឆ្នាំ​២០១៣ ដោយ​សហការណ៍​ជាមួយ​ស្ថាប័ន​ពាក់​ព័ន្ធ​ក្នុង​ស្រុក​ ដែល​សព្វ​ថ្ងៃ​បាន​បន្ត​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ និង​អនុវត្ត​គម្រោង​នេះ​។ គម្រោង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អង្គការ OneWorld UK និង Butterfly Work ហើយ​ដែល​បាន​ដំណើរ​ការ​ដំបូង​ក្នុង​ប្រទេស​​ នី​ហ្សេរីយ៉ា​ ក្នុង​ឆ្នាំ​២០០៧។ បន្ទាប់​មក​ គម្រោង​នេះ​ត្រូវ​បាន​យក​មក​អនុវត្ត​បន្ត​តាម​បរិបទ​ផ្សេង​ៗ​គ្នា​ ក្នុង​ប្រទេស​ សេណេហ្គាល់ ម៉ា​លី ម៉ូរ៉ុកូ អេហ្សីប ហើយ​បច្ចប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ នៅ​ក្នុង​ប្រទេស​នីមួយ​ៗ គម្រោង​នេះ​ត្រូវ​បាន​តាក់​តែង​ឲ្យ​សមស្រប​ទៅ​នឹង​បរិបទ​ក្នុង​ស្រុក​ ព្រម​ទាំង​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​សម​ស្រប​សម្រាប់​ប្រជា​ជន​វ័យ​ក្មេង​។

Screenshot_1

នៅ​ចុង​ឆ្នាំ​ដំបូង​ ក្នុង​ខែ​មីនា ឆ្នាំ​២០១៤ ការ​អភិវឌ្ឍ​ជាដំបូង​ នៃ​ធាតុ​ផ្សំ​សំខាន់​ចំនួន​ពីរ​ ក្នុង​ចំណោម​ធាតុ​ផ្សំ​សំខាន់​បី​ របស់​គម្រោង​ ត្រូវ​បាន​យក​មក​អនុវត្ត​។ ប្រព័ន្ធ​ឆ្លើយ​សំណួរ​តាម​ទូរស័ព្ទ​ដៃ និង​គេហទំព័រ​ ព្រម​ទាំង​មេរៀន​ចំនួន​ ១០ ក្នុង​ប្រព័ន្ធ​សិក្សា​តាម​រយៈអេឡិច​ត្រូនិក​ត្រូវ​បាន​បង្កើត​បានរួចរាល់​។ បន្ថែម​លើ​នេះ​ទៀត​ វគ្គ​បណ្តុះ​បណ្តាល​ទៅកាន់​អ្នក​ប្រឹក្សា​ ដែល​មក​ពី​អង្គ​ការ​ដៃ​គូ​អនុវត្ត​គម្រោង​ឈាន​មុខគឺ អង្គ​ការ​ខ្សែ​ទូរស័ព្ទ​ជំនួយ​កុមារ (CHC) និង​សមាគម​ឥន្ធនូ​ ដែល​នៅ​ចាំ​ឆ្លើយ​សំនួរ​ក្នុង​ប្រព័ន្ធ​អេឡិច​ត្រូនិក​ ដើម្បី​ផ្តល់​ការ​គាំ​ទ្រ​ដល់​អ្នក​ប្រើ​ប្រាស់​សេវា​ សំណួរ​ចម្លើយ​ ត្រូវ​បាន​ធ្វើ​ឡើង​ចប់​សព្វ​គ្រប់​​។ ក្រុម​ស្នូល​ ដែល​ជា​គ្រូ​បង្គោល​មាន​សមាស​ភាព​មក​ពី​សាលា​គោល​ដៅ​ចំនួន​ ២៤ និង​មន្ត្រី​មួយ​ចំនួន​ដែល​មក​ពី​ក្រសួង​អប់​រំ​ យុវជន​ និង​កីឡា​ ក៏​បាន​ឆ្លង​កាត់​វគ្គ​បណ្តុះ​បណ្តាល​ផង​ដែរ ដើម្បី​ត្រៀម​ខ្លួន​បង្រៀន​បន្ត​ទៅ​ដល់​គ្រូ​បង្រៀន​ដទៃ​ទៀង​តាម​សាលា​គោល​ដៅ​។ ជាចុង​ក្រោយ នៅ​ពេល​ដែល​គម្រោង​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ សេវា​កម្ម​សំណួរ​ចម្លើយ​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​ដោយ​ក្រុម​ហ៊ុន​ទូរគមនាគមមួយ​ គឺ​ក្រុម​ហ៊ុន សែល​កាត​ ហើយ​គម្រោង​ក៏​មាន​គម្រោង​ដំណើរ​ការ​ជាមួយ​ក្រុម​ហ៊ុន​ទូរគមនាគម​ផ្សេង​ទៀត​ជា​បន្ត​បន្ទាប់​ផង​ដែរ​។​