ឪពុកម្តាយ

សូម​ស្វាគមន៍​ចំពោះ​គម្រោង “​យុវវ័យ​ឆ្លាត អនាគត​ល្អ​” ដែលជា​វិធីសាស្ត្រ​បង្រៀន និង​រៀន​តាមបែប​ចូលរួម​ពី​ការអប់រំ​បំ​ណិ​ន​ជីវិត ស្តីពី​សុខភាព​បន្ត​ពូជ និង​សុខភាព​ផ្លូវភេទ​។​

​នៅក្នុង​មេរៀន​អេឡិចត្រូនិក​ទាំងនេះ យុវវ័យ ឬ​ភ្នាក់ងារ​មិត្ត​អប់រំ​មិត្ត អាច​ពិភាក្សា​អំពី​សុខភាព​បន្ត​ពូជ និង​សុខភាព​ផ្លូវភេទ​ជាមួយ​មិត្តភក្តិ​របស់​ខ្លូន​។ ខ្លឹមសារ​មេរៀន​ទាំងនេះ​ត្រូវបាន​បង្កើតឡើង ដោយ​ការច្នៃប្រឌិត​បែប​អន្ត​រកម្ម ដើម្បី​ពង្រឹង​បំ​ណិ​ន​ជីវិត​របស់​យុវវ័យ​។   គម្រោង “​យុវវ័យ​ឆ្លាត អនាគត​ល្អ​” បាន​បង្កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​យក​លំនាំ​តាម​វិធីសាស្ត្រ និង​បទពិសោធន៍ នៃ​ការអប់រំ​យុវវ័យ​តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​បណ្តា​នានា​ដូចជា ប្រទេស​នី​ហ្សេ​រី​យា (www.learningaboutliving.org) ប្រទេស​សេ​ណេ​ហ្គា​ល់ (www.clickinfoado.sn) និង​ប្រទេស​ម៉ាលី (www.clickinfoado.ml)​។ គម្រោង “​យុវវ័យ​ឆ្លាត អនាគត​ល្អ​” ឬ​គម្រោង “​រៀន​ពី​ការរស់នៅ​-​កម្ពុជា​” ត្រូវបាន​បង្កើតឡើង​ដោយ​អង្គការ OneWorld ចក្រភព​អង់គ្លេស និង Butterfly Works ហូល្លង់ នៅក្នុង​ឆ្នាំ​២០០៧ នៅ​ប្រទេស​នី​ហ្សេ​រី​យ៉ា  សេ​ណេ​ហ្គា​ល់  ម៉ា​រ៉ុក ម៉ាលី និង​ប្រទេស​អេ​ហ្ស៊ី​ប​។

Parents-page-extra-image

 

មាតាបិតា គឺជា​ប្រភពព័ត៌មាន​បឋម​ដោយមាន​តួនាទី​ផ្តល់​ប្រឹក្សា​ដល់​កូនៗ​ពី​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្ត​ពូជ​។  ដើម្បី​បំពេញ​តួនាទី និង​កិច្ចការ​ទាំងនេះ មាតាបិតា​គួរ​អនុវត្ត​ដូចខាងក្រោម ៖

  • បង្កើត​ទំនាក់ទំនង​ល្អជា​មួយ​កូនៗ ដោយ​ផ្អែកលើ​គុណ​តម្លៃ និង​ជំនឿ​របស់​អ្នក​
  • ​ប្រើប្រាស់​ពាក្យសមរម្យ​សម្រាប់​ផ្នែក​ទាំងឡាយ​នៃ​រាងកាយ​
  • ​ឆ្លើយ​ទៅនឹង​សំណួរ​ដោយ​សេចក្ដីថ្លៃថ្នូរ​
  • ប្រសិនបើ​អ្នកមាន​ភាព​ខ្មាសអៀន និង​មិនមាន​ទំនុកចិត្ត ក្នុងការ​ពិភាក្សា​អំពី​សុខភាព​បន្ត​ពូជ និង​សុខភាព​ផ្លូវភេទ​ជាមួយ​កូនៗ​របស់​អ្នក​ទេនោះ អ្នក​អាច​ពឹង មនុស្សពេញវ័យ ឬ​អ្នក​ដែលមាន​ជំនាញ ឬ​មនុស្ស​ដែល​អ្នក​ទុកចិត្ត ឬ​អ្នក​ដែលមាន​មាន​ទំនាក់ទំនង​ល្អជា​មួយ​កូន​របស់​អ្នក ធ្វើ​កិច្ចការ​នេះ​ជំនួស​អ្នក​បាន​។​

​តើ​ពេលវេលា​ណា​ដែល​ល្អ​សម្រាប់​ពិភាក្សា​?

​គួរ​ដឹងថា គ្មាន​អ្នកណាម្នាក់​ស្គាល់​ច្បាស់​កូនៗ​របស់​អ្នក ជាង​អ្នកនោះ​ទ​។ ហេតុនេះ អ្នក​ពិតជា​ដឹង​ច្បាស់​ថា ពេលណា​គួរ​ពិភាក្សា​អំពី​សុខភាព​បន្ត​ពូជ និង​សុខភាព​ផ្លូវភេទ ជាមួយ​ពួកគេ​។ អ្នក​អាច​ឆ្លៀត​យក​ឱកាស​ដែល​កើត​មាននៅ​ជុំវិញខ្លួន​ដូចជា ពេល​ឃើញ​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​កំពុង​ដើរ​មុខផ្ទះ អ្នក​អាច​ចាប់ផ្តើម​សួរ​ពី​គុណ​តម្លៃ​ជា​ម្តាយ អាច​សួរ​ពី​សកម្មភាព​ដែល​ម្តាយ​គួរ​ធ្វើ​ពេល​ពពោះ សួរ​ពី​អារម្មណ៍​របស់​ពួកគេ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ និង​អ្នក​គួរឱ្យ​ឱកាស​ពួកគេ​សួរ​សំណួរ​ខ្លះមក​អ្នក​វិញ​។ ជាការ​ពិតណាស់ អ្នក​មិន​អាចមាន​ចម្លើយ​ទៅគ្រប់​សំណួរ​ទាំងអស់​របស់​ពួកគេ​នោះទេ ប៉ុន្តែ​អ្នក​គួរ​ឆ្លើយតប​ទៅ​ពួកគេ​នូវ​គ្រប់​សំណួរ ឬ​អាច​ប្រាប់​គេ​ថា ចាំ​សួរ​អ្នកជំនាញ ឬ​អ្នកមាន​បទពិសោធន៍​សិន​។ ប្រការ​ដ៏​សំខាន់​គឺ អ្នក​មិនត្រូវ​គេចវេស​មិន​ឆ្លើយ​នូវ​សំណួរ​នោះទេ ឬក៏​ថា​មិនទាន់​ដល់​វ័យ​ត្រូវ​ដឹង​ពី​បញ្ហា​ទាំងនោះ​ជាដើម ព្រោះ​ការធ្វើ​ដូចនេះ នាំឱ្យ​ពួកគេ​ខ្វះ​នូវ​ព័ត៌មាន​ពិត និង​មាន​បញ្ហា​ប្រឈម​ចំពោះ​សុខភាព​របស់​ពួកគេ​ទៅវិញ​ទេ​។

ត្រូវ​ចងចាំ​ថា ការយល់ដឹង​អំពី​សុខភាព​បន្ត​ពូជ និង​សុខភាព​ផ្លូវភេទ មិន​មានន័យថា បង្កើន​សកម្មភាព​ផ្លូវភេទ​នោះទេ ផ្ទុយទៅវិញ​វា​នឹង​ជំរុញ​ឱ្យ​មនុស្ស​មានការ​ប្រុងប្រយ័ត្ន និង​ប្រកាន់​ជំហរ​វិជ្ជមាន​ទាំង​ក្នុងពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​។ ត្រូវ​ដឹងថា មនុស្ស​គ្រប់រូប​មាន​សិទ្ធិ​ទទួលបាន​ព័ត៌មាន និង​ការយល់ដឹង​ពី​សុខភាព​បន្ត​ពូជ និង​សុខភាព​ផ្លូវភេទ ដើម្បី​ខ្លួនគេ​ម្នាក់ៗ និង​សហគមន៍​របស់ខ្លួន​។ មាតាបិតា​ជា​អ្នក​ដែល​នៅ​ជិត​កូន​ជាងគេ ហើយ​ជា​អ្នក​ដែល​អាច​ផ្តល់ព័ត៌មាន​សំខាន់ៗ​ចាំបាច់​សម្រាប់​កូនៗ ដើម្បីឱ្យ​ពួកគេ​មាន​អនាគត​ល្អ​។ តែ​ទោះជា​យ៉ាងណាក៏ដោយ មាតាបិតា​គួរ​មាន​ជំនាញ ឬ​វិធីសាស្ត្រ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​កូនៗ​របស់ខ្លួន​។

parents1

 

វិធីសាស្ត្រ​ក្នុងការ​ចរចា ៖

  • ត្រូវ​ចាត់ទុក​កូនៗ​ជា​ដៃគូ​សន្ទនា​ស្មើភាព ដោយ​ប្រើ​ពាក្យសមរម្យ​
  • ​មិនត្រូវ​ចាប់​យកតែ​កំហុស​មក​និយាយ និង​ធ្វើការ​រិះគន់​ដដែលៗ​ដល់​កូនៗ​នោះទេ​
  • ​ស្ដាប់​ពី​បញ្ហាសំខាន់ៗ​របស់​កូនៗ​
  • ​វិភាគ​ពី​តម្រូវ​ការពិត​របស់​កូនៗ​
  • បញ្ជាក់​ជាមួយ​កូនៗ​ថា​តើ​ការយល់ឃើញ​របស់​អ្នក ត្រឹមត្រូវ​តាម​អ្វីដែល​គេ​ចង់បាន​
  • ចាប់ផ្ដើម​បំផុសគំនិត​អំពី​ដំណោះស្រាយ​តាមរយៈ​ជម្រើស​ផ្សេងៗ​ដល់​ពួកគេ​​
  • ធ្វើការ​ព្រមព្រៀង​ចំពោះ​ដំណោះស្រាយ​រួម​ណាមួយ
  • ​តាមដាន និង​កែលម្អ​ចំណុច​ខ្វះខាត ដោយ​ឈរលើ​លើ​កិច្ចព្រមព្រៀង​។​

​​វិធាន​មួយចំនួន​សម្រាប់​ករណី​មានទំនាស់ ៖

  • គិត​អំពី​អ្វីដែល​អ្នក​ចង់​និយាយ​មុននឹង​អ្នក​ចាប់ផ្ដើម​
  • ​រក​ពេលវេលា​ល្អ និង​កន្លែង​ដែល​ស្ងាត់​សម្រាប់​ការជជែក​អំពី​រឿងនេះ
  • ​ប្រើពាក្យ​ពេចន៍​ដោយ​ប្រុងប្រយ័ត្ន​។ ជៀសវាង​ពាក្យ​ដូចជា “​មិនដែល​ទាល់តែសោះ​” និង “​ជានិច្ចកាល​”​។ គួរតែ​ប្រើប្រាស់​ពាក្យ “​ប៉ា ឬ​ម៉ាក់ ឬ​ពុក ឬ​ម៉ែ​”, ឧទាហរណ៍ “​ប៉ា​មានការ​ចាប់អារម្មណ៍​ថា កូន​ហាក់ដូចជា​មិនទាន់​យល់​អំពី​អ្វីដែល​ប៉ា​កំពុងនិយាយ​” ជាជាង​និយាយថា “​ហេតុអ្វី​បានជា​កូន​មិនដែល​ស្ដាប់​ប៉ា ឬ​ម៉ាក់​ទាល់តែសោះ​!”
  • ជជែក​អំពី​អារម្មណ៍​របស់​អ្នក ៖ “​ប៉ា​មាន​អារម្មណ៍​មិន​សប្បាយចិត្ត​ទេ​ដោយសារ ……..”,    “​ប៉ា​មានការ​ព្រួយបារម្ភ​អំពី​អ្វីដែល​បានកើត​ឡើង​”
  • ពន្យល់​អំពី​បំណង​របស់​អ្នក ៖ “​ប៉ា​សង្ឃឹមថា​យើង​អាច​នឹង​ជជែក​គ្នា​បាន​ញឹកញាប់​ជាង​នេះ​”
  • ​គួរ​មាន​ឥរិយាបថ​គោរព ស្ងប់ស្ងៀម និង​ជៀសវាង​តម្លើង​សម្លេង ដែល​ធ្វើឱ្យ​អ្នក​ស្ដាប់​ពិបាក ពីព្រោះ​ពួកគេ​កំពុង​ស្ដាប់​អ្នក​និយាយ​
  • មិនគួរ​ព្យាយាម​យកឈ្នះ​នោះទេ ៖ នេះ​មិនមែនជា​ការប្រកួតប្រជែង​នោះទេ ប៉ុន្ដែ​ជាការ​ពិភាក្សា​។ គឺជា​ការសំខាន់​ដែល​អ្នក​ទាំងអស់​មាន​អារម្មណ៍ល្អ​ក្រោយពី​ការជជែក​គ្នា​នេះ​។​
  • ​ចូរ​ប្រយ័ត្ន​ចំពោះ​សារ​ប្រឆាំង​គ្នា ៖ ឧទាហរណ៍ និយាយថា​អ្នក​ប្រាកដជា​ចង់​ពិភាក្សាគ្នា ប៉ុន្តែ​បើ​ជជែក​យូរ​ខ្ញុំ​ប្រហែលជា​អស់កម្លាំង​ណាស់​។​