អំពី

គម្រោង​យុវវ័យ​ឆ្លាត អនាគត​ល្អ / រៀន​ពី​ការរស់នៅ​-​កម្ពុជា
​នៅ​ប្រទេស​កម្ពុ​ជាមាន​ប្រជាជន​សរុប​ចំនួន​ជិត ១៥ លាន​នាក់ ក្នុងនោះ ៦៤ ភាគរយ ជា​យុវវ័យ ហើយ ៣២ ភាគរយ​នៃ​ពួកគេ​មាន​អាយុ​ក្រោម ១៥ ឆ្នាំ​។

About-page-image1

 

ជា​ធម្មជាតិ យុវវ័យ​ចូលចិត្ត​អ្វីដែល​ថ្មី ប្លែក ទាន់សម័យ ព្រមទាំង​ចូល​ចិត្តការ​រាប់អាន​មិត្តភក្តិ​។ ជារឿយៗ​យុវវ័យ​ស្ថិតក្នុង​ឥរិយាបថ​ប្រឈម​ផ្លូវភេទ ដូច​ជាការ​រួមភេទ​ដែលមាន​ភាព​ប្រថុយប្រថាន ដោយសារ​មាន​សម្ពាធ​ពី​មិត្តភក្តិ ការរំលោភបំពាន ជាពិសេស​ចំពោះ​ក្មេងស្រី​។ លើសពីនេះ​ទៀត យុវវ័យ​ជាច្រើន​មិនមាន​អារម្មណ៍​កក់ក្តៅ​ក្នុងការ​ស្វែងរក​ព័ត៌មាន​ទាក់ទង​ នឹង​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្ត​ពូជ ឬ​សេវា​សុខភាព​សាធារណៈ​នានា ដោយសារតែ​ការភ័យខ្លាច​នូវ​អ្វីដែល​ពួកគេ​គិតថា​អ្នកដទៃ​អាច​គិត ឬ​និយាយ​មិនល្អ​ពី​ខ្លួន​។ កត្តា​​ទាំង​អស់​នេះ​ កាន់​តែ​​ធ្វើ​ឱ្យ​​ពួក​គេ​​ប្រឈម​​នឹង​​គ្រោះ​ថ្នាក់​​ខ្លាំង​​ឡើង​ ដូចជា​ការរីក​រាលដាល​នៃ​ការឆ្លង​មេរោគ កាមរោគ ការ​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ  ការ​រំលូតកូន​ដោយ​គ្មាន​សុវត្ថិភាព ដែល​ជួនកាល​អាច​បណ្តាលឱ្យ​មាតា​វ័យក្មេង​បាត់បង់​ជីវិត​ក៏មាន​។

​ក្នុងសម័យ​បច្ចុប្បន្ន យុវវ័យ​ភាគច្រើន​ចូលចិត្ត​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប ឬ​កុំព្យូទ័រ​ក្នុងការ​ប្រាស្រ័យ​ទាក់ទង តាមរយៈ​សារ​អេឡិចត្រូនិក រូបភាព​បណ្តាញ​សង្គម​។​ល​។ ដូច្នេះ ការពង្រីក​ការអប់រំ​ផ្សព្វផ្សាយ ស្តីពី​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្ត​ពូជ​ដល់​យុវវ័យ តាមរយៈ​បច្ចេកវិទ្យា​ច្នៃប្រឌិត​បែប​ថ្មី​នេះ ជា​មធ្យោបាយ​មួយ​ដ៏​មាន​សក្តានុពល ក្នុងការ​លើកកម្ពស់​សុ​ខ​ភាព​យុវវ័យ សំដៅ​ធ្វើឱ្យ​ពួកគេ​ប្រកាន់ខ្ជាប់​នូវ​ឥរិយាបថ​វិជ្ជមាន ចេះ​គ្រប់គ្រង​ខ្លួនឯង គោរព​សិទ្ធិ​អ្នកដទៃ និង​ធ្វើជា​ម្ចាស់​លើ​ជីវិត​របស់ខ្លួន​ទាំង​ពេលបច្ចុប្បន្ន និង​អនាគត​។​

តើ​អ្វី​ទៅជា​គម្រោង យុវវ័យ​ឆ្លាត អនាគត​ល្អ និង​គម្រោង​រៀន​ពី​ការរស់នៅ​-​កម្ពុជា​?
​អង្គការ​​ OneWorld បាន​ចាប់​ផ្តើម​​ធ្វើការ​​ជាមួយ​​អង្គការ​ Butterfly Works នៅ​​ឆ្នាំ​​២០១៣ ក្នុង​ការ​​រៀបចំ​​គម្រោង​​យុវវ័យ​​ឆ្លាត​ អនាគត​​ល្អ​ និង​​គម្រោង​​រៀន​​ពី​​ការ​រស់​នៅ​-​កម្ពុជា​។ នេះ​​ជា​​គម្រោង​​មួយ​​ថ្មី​​ដោយ​​ប្រើប្រាស់​​ប្រព័ន្ធ​​​ព័ត៌មានវិទ្យា ហើយ​​វា​​ជា​ការ​​បំពេញ​បន្ថែម​​នូវ​​វិធីសាស្ត្រ អប់រំ​​បំ​ណិ​ន​ជីវិត ស្តី​ពី​​សុខភាព​បន្ត​ពូជ​ និង​សុខភាព​ផ្លូវភេទ​ សម្រាប់​​យុវវ័យ​​ក្នុង និង​ក្រៅ​​សាលារៀន​ ដែល​​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា កំពុង​តែ​​អនុវត្ត​ (http://www.moeys.gov.kh)​។ ​វិធីសាស្ត្រ​​នេះ​ ឆ្លើយ​តប​​ទៅ​នឹង​​តម្រូវការ​​របស់​​យុវវ័យ​​នា​ពេល​​បច្ចុប្បន្ន ដែល​កំពុងតែ​ពេញនិយម​ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា (eLearning) សម្រាប់ធ្វើ​ការទំនាក់ទំនង ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។ កម្មវិធី​នេះ នឹង​ទាក់ទាញ​ឱ្យ​យុវវ័យ​ប្រកាន់​ឥរិយាបថ​ជា​វិជ្ជមាន មានការ​ទទួលខុសត្រូវ​ខ្ពស់ មាន​ទំនុកចិត្ត​លើ​ខ្លួនឯង ធ្វើជា​ម្ចាស់ជីវិត​របស់ខ្លួន ក្នុងការ​ស្វែងរក​សេវា​សមស្រប​ទាក់ទង​នឹង​សុខភាព​បន្ត​ពូជ និង​សុខភាព​ផ្លូវភេទ​ត្រឹមត្រូវ និង​សេវា​ជំនួយ​ចាំបាច់​នានា ព្រមទាំង​ចេះ​ដឹកនាំ​ខ្លួនឯង ឈានទៅរក​អនាគត​ដ៏​ត្រចះត្រចង់ ព្រោះ​យុវវ័យ និង​យុវជន ជា​ធនធាន​គន្លឹះ និង​មានតម្លៃ​បំផុត​សម្រាប់​អភិវឌ្ឍ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និង​ការរក្សា​សន្តិភាព​ទាំង​បច្ចុប្បន្ន និង​អនាគត ព្រមទាំង​រួមចំណែក​ក្នុង​ការកសាង​កម្ពុជា​ប្រកបដោយ​សន្តិភាព ឧត្តមភាព កិត្យានុភាព វិបុលភាព និង​ការ​រស់នៅក្នុង​ភាព​សុខដុម​។​

About-page-image2

គម្រោង​យុវវ័យ​ឆ្លាត អនាគត​ល្អ និង​គម្រោង​រៀន​ពី​ការរស់នៅ​-​កម្ពុជា ត្រូវបាន​អនុវត្ត​ដោយ​អង្គការ​ដៃគូ​ផ្សេងៗ​នៅក្នុង​ស្រុក​ដូចជា អង្គការ​រ៉ា​ក់ (RHAC http://www.rhac.org.kh ) ជា​អ្នកផ្តល់​សេវា​បណ្តុះបណ្តាល​ដល់​គ្រូ​នៅតាម​សាលា​មធ្យមសិក្សា​គោលដៅ​នានា ដោយឡែក​អង្គការ​បណ្តាញទូរស័ព្ទ​ជំនួយ​កុមារ​កម្ពុជា (CHC http://childhelpline.org.kh ) និង​សមាគម​ឥន្ទធនូ (INTHANOU http://www.inthanou.org ) ជា​អ្នកអនុវត្ត​កម្មវិធី​សំណួរ និង​ចម្លើយ​តាម​ទូរស័ព្ទដៃ​។ លើសពីនេះ មាន​ល្ខោននិយាយ​ខ្លីៗ​ដែល​អាច​ត្រូវបាន​ផ្តល់ជូន​តាមរយៈ​ខ្សែអាត់​ថត​សម្លេង​ក្នុង​ទូរស័ព្ទ​របស់​អតិថិជន ក៏ដូចជា​ការឆ្លើយតប​តាម​តម្រូវការ​តាមរយៈ​ប្រព័ន្ធ​អន្តរ​កម្ម​សម្លេង ( IVR ) ទូរស័ព្ទ​ចូល​ដោយ​ស្វ័យប្រវត្តិ​។​

ឯកឧត្ដម​វេជ្ជបណ្ឌិត តែង គ​ន្ធី អគ្គលេខាធិការ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​បញ្ជាក់ថា គម្រោង​យុវវ័យ​ឆ្លាត អនាគត​ល្អ ឬ​គម្រោង​រៀន​ពី​ការរស់នៅ (Learning about Living) គឺ​ត្រូវ​ពេល​តែម្តង​ក្នុងការ​ចាប់ផ្តើម​អនុវត្ត​នៅក្នុង​ប្រទេស​កម្ពុជា​។ ឯកឧត្តម​បាន​បញ្ញា​ក់ថា “​យើង​បាន​សង្កេតឃើញ បច្ចេកវិទ្យា​ជាច្រើន​បាន​ត្រូវ​​នាំ​ចូល​​ក្នុង​ប្រទេស​​កម្ពុជា​ នៅក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយនេះ ជាពិសេស​សម្រាប់​មនុស្ស​វ័យក្មេង​។ ហ្វេ​ស​ប៊ុ​ក (Facebook) មាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង ។ វា​ជា​ដំណាក់កាល​ហ្វេ​ស​ប៊ុ​ក នៅក្នុង​ប្រទេស​កម្ពុជា ការផ្ញើ​សារ​ជា​អក្សរ ជា​សកម្មភាព​ដ៏​សំខាន់​មួយ​ដែល​យើង​ត្រូវ​ពិចារណា​។ ខ្ញុំ​សម្គាល់​ឃើញថា មនុស្ស​ធ្វើការ​ផ្ញើ​សារ​​ជា​​អក្សរ​​ជិត​ ១០០​ដង​​ក្នុង​​មួយ​ថ្ងៃ​…………​ឥឡូវ​នេះ​​អ្នក​​អាច​សង្កេត​ឃើញ​ថា​ មនុស្ស​វ័យក្មេង​ភាគច្រើន​មាន​ទូរស័ព្ទ​ពីរ​។ នៅពេលដែល​ពួកគេ​បាន​ជួបគ្នា ពួកគេ​បានដាក់​ទូរស័ព្ទ​ទាំងពីរ ទាំងបី នៅលើ​តុ ដើម្បី​បង្ហាញ​អួត​គ្នា​។ ដូច្នេះ​វា​ជា​ពេលវេលា​ដ៏​ត្រឹមត្រូវ​សម្រាប់​អ្នក​! “

About-page-image3

គាំទ្រ​ដោយ៖
​គម្រោង​យុវវ័យ​ឆ្លាត អនាគត​ល្អ ឬ​គម្រោង​រៀន​ពី​ការរស់នៅ​-​កម្ពុជា មានការ​សហការ​គាំទ្រ​ទាំង​បច្ចេកទេស​រវាង​សហ​អន្តរ​ស្ថាប័ន​​សំខាន់ៗ​​ដូចជា​ អង្គការ​ OneWorld ​ចក្រភព​​អង់គ្លេស ​(http://oneworld.org)​​ អង្គការ​ Butterfly Works ​(http://www.butterflyworks.org) នាយកដ្ឋាន​សុខភាព​សិក្សា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា (http://www.moeys.gov.kh) អង្គការ​ថែទាំ​សុខភាព​គ្រួសារ​កម្ពុជា (www.rhac.org.kh) អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ (http://www.naa.org.kh) អង្គការ​ខា​ណា (http://www.khana.org) អង្គការ​យូណេស្កូ (UNESCO) ប្រចាំ​ប្រទេស​កម្ពុជា (http://www.unesco.org ) អង្គការ​មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន (UNFPA,http://countryoffice.unfpa.org/cambodia) មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា (http://www.wmc.org.kh) ក្រុមការងារ​បើកទូលាយ​សេវាកម្ម ដើម្បី​ការអភិវឌ្ឍ សមាគម​អភិវឌ្ឍន៍​សុខភាព​ប្រជាជន (PHD) អង្គការ​បណ្តាញទូរស័ព្ទ​ជំនួយ​កុមារ​កម្ពុជា (http://childhelpline.org.kh ) សមាគម​ឥន្ទធនូ (http://www.inthanou.org) អង្គការ InSTEDD (http://instedd.org) និង​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត CamGSM (www.cellcard.com.kh)​។ ដោយឡែក​អង្គការ Oxfam (http://www.oxfam.org) ជា​អ្នកគាំទ្រ​មូលនិធិ​សម្រាប់​គម្រោង​។

Logo