មេរៀនទី៨៖  ជំងឺកាមរោគ

សង្ខេប​

តើ​អ្នក​បាន​រៀន​សូត្រ​​អ្វី​ខ្លះ​ពី​មេរៀន​នេះ?

ជំងឺកាមរោគ ជា​ជំងឺឆ្លង​តាមរយៈ​ការរួមភេទ។​ វាសំដៅ​ទៅ​វីរុស​ ឬ​ ការឆ្លង​រោគ​ទៅ​មនុស្ស​ម្នាក់​តាមរយៈ​សកម្មភាព​នៃ​រួមភេទ​ដោយ​គ្មាន​សុវត្ថិភាព​។ ជំងឺ​អេដស៍​ ក៏ជា​ផ្នែកមួយ​នៃជំងឺ​កាមរោគ​ផងដែរ​ ព្រោះភាគ​ច្រើន​វាឆ្លង​តាមរយៈ​ការរួមភេទ​ដោយ​មិន​បាន​ការពារ​។ ជំងឺ​កាមរោគ​ និង​ជំងឺ​អេដស៍​ អាចប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ ដល់​សុខភាព​របស់​អ្នក ប្រសិន​ជាអ្នក​មិនបាន​ទទួល​ការព្យាបាល​បាន​ត្រឹមត្រូវ​។

ជំងឺ​ប្រមេះ​ទឹក​បាយ​ រលាក​ថ្លើម​ ជំងឺ​ស្វាយ វាជា​ប្រភេទ​ជំងឺ​កាមរោគ​ដែល​កើត​ញឹកញាប់​ច្រើនជាង​គេបំផុត​។

រោគសញ្ញា​មួយចំនួន​ដែលតែងតែ​កើតមាន​ចំពោះ​ទាំងបុរស​ និងស្រ្តី​៖

  • មាន​សារធាតុរាវ​ហូរចេញ​ពីលិង្គ​ ឬ​ទ្វារមាស​ដែល​មាន​ក្លិនស្អុយ​ ឬ​មិន​ធម្មតា​
  • ឈឺ​ចាប់​ក្រហាយ​នៅពេល​បត់ជើង​តូច
  • មាន​​ឈាម​នៅក្នុង​ទឹកនោម​

  • នោម​ញឹកញាប់​
  • មាន​ដាច់​រលាត់​ ឡើង​កន្ទួល​ក្រហម​ ពងបែក​ ឬ​ ឈឺ​ក្រហាយ​ជុំវិញ​លិង្គ​ ទ្វា​រមាស​ ឬ​រន្ឋគូទ
  • រមាស់​ ក្រហាយ​ ឬ​ឈឺ​លើ​ប្រដាប់​ភេទ
  • ហើម​ក្រលៀន​ ដែល​អាច​ធ្លាយ​
  • ការ​ឈឺចាប់​ក្នុង​ពេល​រួមភេទ​

ជំងឺ​កាមរោគ​អាច​ការពារ​បាន ដោយ​ការប្រព្រឹត្ត​ផ្លូវភេទ​ដែល​មាន​សុវត្ថិភាព​។ ឧទាហរណ៍ ការប្រើប្រាស់​ស្រោម​អនាម័យ​នៅពេល​រួមភេទ​ ឬ​ ​ការ​រួមភេទ​តាម​មាត់​។

មិនមែន​គ្រប់​ប្រភេទ​ នៃ​ជំងឺ​កាមរោគ​បង្ហាញ​នូវ​រោគ​សញ្ញា​នោះទេ​។ វាជា​ការ​សំខាន់​ដែល​យើង​ត្រូវ​តែធ្វើ​តេស្តឈាម​រកមេរោគ​កាមរោគ​ រួមទាំង​មេរោគ​អេដស៍​ផងដែរ​នៅមណ្ឌល​សុខភាព​។ ជំងឺ​កាមរោគ​ភាគច្រើន​អាច​ព្យាបាលឱ្យជាសះ​ស្បើយ​ ដោយ​ការប្រើប្រាស់​ថ្នាំឱ្យ​បាន​ត្រឹមត្រូវ​។