មេរៀនទី៣៖ អំពើ​ហិង្សា​ទាក់​ទង​នឹង​យេន​ឌ័រ

ការពិភាក្សា៖ រឿងពិត

ជំ​ហាន​ទី ១​៖ ចាប់​ផ្តើម​ដោយ​សំណួរ​បំផុស​គំនិត​អំពី​អំពើ​ហិង្សា​ ដូច​ខាង​ក្រោម​៖

  • អ្វី​ទៅ​ជា​អំពើ​ហិង្សា​?
  • តើ​អំពើ​ហិង្សា​មាន​ប៉ុន្មាន​ប្រភេទ​?

ជំ​ហាន​ទី ២​៖ អាន​រឿង​ទាំង​បី​ខាង​ក្រោម​៖

គន្ធា​ និង​ សុភ័ក្រ្ត​

គន្ធា​គឺ​ជា​កូន​ស្រី​ច្បង​ក្នុង​គ្រួសារ​ក្រីក្រ​មួយ​ មាន​បងប្អូន​៧នាក់​ រស់​នៅ​ទី​ជនបទ​។ នាង​មាន​អាយុ​១៦ឆ្នាំ​។ គន្ធា​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើការ​យ៉ាង​ខ្លាំង​ ដើម្បី​សង្សារ​របស់​នាង​ឈ្មោះ​សុភ័ក្រ្ត​ រៀន​នៅ​សាកល​វិទ្យាល័យ​ឯកជន​មួយ​។ គន្ធា​បាន​ជួយ​ឧបត្ថម្ភ​ទំនុក​បំរុង​ក្នុង​ការសិក្សា​ និង​ជីវភាព​ប្រចាំថ្ងៃ​ រហូត​ដល់​សុភ័ក្រ្ត​រៀន​ចប់​សាកល​វិទ្យាល័យ​។ ក្រោយ​​មក សុ​ភ័​ក្រ្ត ក៏មាន​ការងារ​ធ្វើ ​និង​បាន​​រៀបការ​ជាមួយ​នារី​ម្នាក់​ ដែល​ជា​កូន​អ្នកមាន​។ សុភ័ក្រ្ត​បាន​ប្រាប់ទៅ​ គន្ធា​ថា​នាង​គ្មាន​តម្លៃ​ទៀត​ទេ​សម្រាប់​រូបគេ​ គាត់​ក៏​បាន​ផ្តាច់​ការ​ទាក់​ទងគ្នា​។ ចាប់​តាំង​ពី​ពេល​នោះមក​ គន្ធា​ ក្រៀម​ក្រំ​យ៉ាង​ខ្លាំង​ រហូត​ដល់​ភ្លេច​បាយ​ ភ្លេច​ទឹក​ ឈប់​ទៅ​ធ្វើការងារ​ ហើយ​ក៏បាន​សម្រេច​ចិត្ត​ទៅ​សម្លាប់​ខ្លួន តែ​បំណង​នេះ​ត្រូវ​បរាជ័យ​៕

Khmer Keyboard Layout.lnk

សម្បត្តិ​ និង​ ដាវី​

សម្បត្តិ​ និង​​ប្រពន្ធ​របស់​គាត់​ឈ្មោះ​ដាវី ហើយ​មានកូន​ប្រុស​ម្នាក់ ​ឈ្មោះ​តុលា មាន​អាយុ​១១ឆ្នាំ​។ ដាវី​ប្រកប​មុខ​របរ​ជាអ្នក​លក់​បន្លែ​នៅ​ផ្សារ ដើម្បី​រក​លុយ​មក​ផ្គត់ផ្គង់​ក្រុម​គ្រួសារ។ សម្បត្តិ​ មិន​ដែល​ខ្វល់​ពីបញ្ហា​នេះទេ ហើយ​គាត់​មិន​ធ្វើ​ការងារ​អ្វី​នោះទេ។ នៅ​ថ្ងៃមួយ​ពេលដែល​ ដាវី ​ត្រលប់​មក​ពីផ្សារ​លក់​បន្លែ​វិញ សម្បត្តិ​ បាន​ទារ​លុយ​មួយ​ចំនួន ដើម្បី​យកទៅ​ទិញ​ស្រា​ផឹក​។ ពេល​នោះ ដាវី​មិន​ព្រម​ឱ្យហើយ​ប្រាប់ថា​លុយ​ដែល​រកបាន​នេះ​​សម្រាប់​ផ្គត់ផ្គង់​ដល់​ការរស់នៅ​ និង​ទុកឱ្យ​កូន​ទៅ​រៀន មិនមែន​សម្រាប់​យក​ទៅ​​ទិញ​​ស្រា​ផឹក​នោះ​ទេ។ ភ្លាម​នោះ​ស្រាប់​តែ ​សម្បត្តិ​ ខឹង​ហើយ​វាយ​នាង រួច​យកលុយ​​ទាំងអស់​​ចេញ​ទៅ​​បាត់​៕

G10L3-Dicussion-05-05

youthchhlat02

រ៉ានី​ និង​ កុសល

កុសល​ គឺ​ជា​កូន​អ្នកមាន​ទ្រព្យសម្បត្តិ​ម្នាក់​ និង​មាន​សង្សារ​ឈ្មោះ ​រ៉ានី​ ដែល​ជា​នារី​ម្នាក់​ចូលចិត្ត​នូវ​ភាព​ហ៊ឺហា​ ទាន់​សម័យ​ និង​សម្ភារៈ​និយម​។ កុសល​ តែង​តែ​ទិញ​សម្ភារៈ​ទំនើបៗ​ឱ្យ​នាង​។ ថ្ងៃ​មួយ​​ កុសល​បាន​បបួល​នាង ទៅ​ដើរ​លេង​ជាមួយ​ ហើយ​ក៏ឆ្លៀត​ឱកាសលួងលោម​សុំ​នាង​រួមភេទ​ដោយ​សន្យា​ទិញ​ទូរសព្ទ​ដៃទំនើប​មួយ​គ្រឿង​ឱ្យ។ បន្ទាប់​មក កុសល​ បាន​ព្យាយាម​ប៉ះពាល់​ រ៉ានី​ ប៉ុន្តែ​នាង​បាន​រត់ចេញ​ទៅ។ ពេល​នោះ កុសល​ ខឹង​យ៉ាង​ខ្លាំង​ ហើយ​ក៏​គម្រាម​ទារ​យក​របស់​របរ​ដែល​គេ​បាន​ទិញ​ឱ្យ​នោះមក​វិញ​ទាំងអស់​។

ជំ​ហាន​ទី ៣៖ សម្រប​សម្រួល​ការ​ពិភាក្សា​នៅក្នុង​ថ្នាក់​ ឱ្យសិស្ស​ឆ្លើយ​នូវ​កម្រង​សំណួរខាង​ក្រោម​៖

  • តើ​អ្នក​អាច​ប្រាប់​អំពី​ប្រភេទ​នៃ​អំពើហិង្សា​នៅក្នុង​សាច់រឿង​ខាងលើ​ បានដែរ​ឬទេ​?
  • តើ​ជនរង​គ្រោះ​មាន​អារម្មណ៍​បែបណា​?
  • តើ​ល្បិច​បោក​បញ្ឆោត​ ឬ​ក៏ការ​បង្ខិតបង្ខំ​បែប​ណា​ដែល​ត្រូវ​បាន​យក​មកប្រើ​?
  • តើ​អ្នក​រំលោភ​បំពាន​មាន​ភាព​ទាក់​ទាញ​អស្ចារ្យ​អ្វីខ្លះ​?
  • តើ​អ្នក​គិត​ថា​ អ្នក​រំលោភ​បំពាន​មាន​អារម្មណ៍​បែប​ណា​ ក្រោយ​ពេល​មាន​ហេតុ​ការណ៍​កើត​ឡើង​?
  • តើ​យើង​អាច​ផ្តល់​ដំបូន្មាន​ដល់​ជនរង​គ្រោះ​ដូចម្តេចខ្លះ​នៅ​ពេល​អនាគត​?
  • តើ​យើង​អាច​ផ្តល់​ដំបូន្មាន​ដល់​អ្នក​រំលោភ​បំពាន​ដូច​ម្តេច​ខ្លះ​នៅ​ពេល​អនាគត​?

តើ​អំពើ​ហិង្សា​ តែង​តែ​កើត​មាន​ឡើង​នៅក្នុង​សហគមន៍​របស់​អ្នក​ដែរ​ឬទេ​? ប្រសិន​ជា​កើត​មាន​ តើ​វា​ជា​ប្រភេទ​នៃ​អំពើ​ហិង្សា​បែប​ណាខ្លះ​?