មេរៀនទី ១០៖ រស់នៅជាវិជ្ជមានជាមួយនឹងមេរោគអេដស៍
ការពិភាក្សា៖ រស់នៅជាមួយមេរោគអេដស៍
មានមនុស្សជាច្រើនដែលមិនបានដឹងថាពួកគេបានឆ្លងមេរោគអេដស៍ឬក៏អត់នោះទេ។ យើងគួរតែលើកទឹកចិត្តពួកគាត់ ឱ្យមានភាពក្លាហានក្នុងការទៅពិនិត្យឈាម និងការពារខ្លួនគាត់ផ្ទាល់។ វាក៏ជាការសំខាន់ដែរ ក្នុងការគាំទ្រពួកគាត់ក្រោយការធ្វើតេស្ដឈាម។
ជំហានទី១៖ អានសាច់រឿងរបស់ ឌី និងរ៉ានី

ឌីបានរៀបការជាមួយរ៉ានីរយៈពេល៣ឆ្នាំមកហើយ។ឌីធ្លាប់បានរួមភេទ ជាមួយស្រ្តី៤នាក់ មុនគាត់ស្គាល់ និងរៀបការជាមួយរ៉ានី។ គាត់មិនដែលធ្លាប់ធ្វើតេស្តឈាមនោះទេ។ ពួកគេមានកូនប្រុសម្នាក់ អាយុបាន២ឆ្នាំ ហើយឈឺជាញឹកញាប់។ ថ្ងៃមួយកូនរបស់ពួកគេឈឺជាទម្ងន់ ពួកគេក៏បាននាំមកទៅមន្ទីរពេទ្យបង្អែក។

បន្ទាប់ពីសម្រាកនៅក្នុងពេទ្យរយៈពេល មួយសប្ដាហ៍មកកូននោះ មិនបានធូរស្រាលឡើយ។ លោកវេជ្ជបណ្ឌិតស្នើសុំធ្វើ តេស្តឈាម។ ជាលទ្ធផលបានបង្ហាញថា កូនប្រុសនោះមានផ្ទុកមេរោគអេដស៍។
ជំហានទី២៖ ចែកសិស្សជាក្រុម សម្រាប់ការពិភាក្សា នូវសំណួរខាងក្រោម៖
- តើអ្នកមានដំបូន្មានអ្វីខ្លះសម្រាប់ឌី និងរ៉ានី?
- តើពួកគេ គួរធ្វើអ្វីបន្ទាប់ពីបានដឹងលទ្ឋផលបែបនេះ?
- តើអ្នកគួរធ្វើអ្វីខ្លះ ដើម្បីជៀសវាងបញ្ហាដូចឌី និងរ៉ានី?
ជំហានទី៣៖ ធ្វើការពិភាក្សាក្រុមធំ តើយើងបានសិក្សាអ្វីពីរឿងរ៉ាវនេះ?